ទាំងនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី និងសេដ្ឋីស្រុកខ្មែរជាច្រើន បានចេញមុខជួយគ្រួសារលោក អ៊ិត សេដ្ឋា
បន្ទាប់ពីលោក អ៊ិត សេដ្ឋា ពិធីករជើងចាស់របស់កម្ពុជា បានទទួលមរណភាពទៅ បានបន្សល់ទុកនូវភាពសោកសង្រេង និងអាឡោះអាល័យជាពន់ពេក។ អ្វីដែលគួរឱ្យខ្លោចចិត្តនោះគឺកូនតូចៗ ត្រូវរស់កំព្រាឪពុក រីឯម្ដាយមិនដឹងជានៅទីណា តែរឿងដែលគួរឱ្យរំភើបចិត្ត ទន្ទឹមនឹងភាពសោកសៅនោះ គឺមានថ្នាក់ដឹកនាំប្រទេស និងសប្បុរសជនជាច្រើនចេញមុខជួយដល់គ្រួសារលោក អ៊ិត សេដ្ឋា មានទាំងរដ្ឋមន្ត្រី ទាំងឧកញ៉ា និងបុគ្គលមានធនធានជាច្រើនរូបទៀត។
១. សម្ដេចតេជោ ហ៊ុន សែន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់សម្ដេចទាំងពីរ ជូនដល់កូនទាំង៣របស់លោក អ៊ិត សេដ្ឋា ចំនួន១ម៉ឺនដុល្លារ ដើម្បីជួយផ្គត់ផ្គង់ និងរំលែកទុក្ខលំបាកដល់គ្រួសារមួយនេះ។ នេះបើតាមការឱ្យដឹងពីលោក ហ៊ុយ វណ្ណៈ។
២. ឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី
នៅកម្មវិធីបូជាសពកន្លងទៅនេះ ឧកញ៉ា ម៉ុង ឫទ្ធីបានប្រកាសថាលោក នឹងផ្ដល់ផ្ទះមួយខ្នងទៅដល់ ក្រុមគ្រួសារសព លោក អ៊ិត សេដ្ឋា បើសិនជាអ្នកទាំងអស់គ្នាយល់ព្រមទទួល។ ឧកញ៉ា ម៉ុង ឫទ្ធី នឹងផ្ដល់ជូនផ្ទះមួយខ្នងឲ្យទៅ កូនទាំង៣ និងម្ដាយជរា របស់លោក អ៊ិត សេដ្ឋា។ ដែលផ្ទះនោះមានទីតាំងនៅភូមិ រិទ្ធី៣ ឃុំកែវផុស ស្រុកស្ទឹងហៅ ខេត្តព្រះសីហនុ។ ដែលលោកបានបញ្ជាក់ដែរថា ទីតាំងនោះគឺនៅតំបន់អភិវឌ្ឍន៍ ដែលមាន សាលារៀន មន្ទីរពេទ្យ គ្រប់គ្រាន់ និងមានការងារធ្វើគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិត។
៣. អ្នកឧកញ៉ា គិត ម៉េង
អ្នកឧកញ៉ា គិត ម៉េង ជាអ្នកទទួលបន្ទុកទាំងស្រុង រាល់ការចំណាយនៅក្នុងពិធីបុណ្យសពរបស់លោក អ៊ិត សេដ្ឋា នេះគឺជាសន្តានចិត្តដ៏ល្អរបស់អ្នកឧកញ៉ាចំពោះកូនចៅ។
៤. ឯកឧត្តម ខៀវ កញារិទ្ធិ
បើតាមការរៀបរាប់របស់ ឯកឧត្តម ខៀវ កញារិទ្ធិ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន នៅក្នុងពិធីបុណ្យសព លោក អ៊ិត សេដ្ឋា បានឱ្យដឹងថា លោកសន្យាថានឹងជួយអោយអស់ពីលទ្ធភាព ដើម្បីឱ្យកូនប្រុសស្រី របស់លោក អ៊ិត សេដ្ឋា បានរៀនចប់ចុងចប់ដើម និងសន្យារកការងារឱ្យកូនស្រីច្បង ធ្វើក្រោយពេលរៀនចប់ថែមទៀតផង។
៥. ឯកឧត្តម លី ឆេង
ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានសម្រេចផ្តល់អាហារូបករណ៍ ១០០% ទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេស ជូនដល់កូនៗទាំង៣នាក់ ឲ្យមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ រហូតដល់បញ្ចប់ការសិក្សា៕

0 comments:
Post a Comment